(ភ្នំពេញ)៖ ប្រតិបត្តិករទេសចរណ៍គាំទ្រចំពោះចំណាត់ការរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវរូបភាពអាជីវកម្មគោដុត នៅទីចំហសាធារណៈ ខណៈស្នើឱ្យអាជ្ញាធរបណ្តាខេត្តទេសចរណ៍ទាំងអស់ណែនាំអ្នកលក់គោដុតតាមផ្លូវបិទបាំងឱ្យបានល្អ កុំដាក់តាំងលក់ច្រងេងច្រងាង ចៀសវាងកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរឥណ្ឌា និងទេសចរបរទេសដទៃទៀត។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា ទេសចរជនជាតិឥណ្ឌា គឺជាទីផ្សារមួយធំសម្រាប់កម្ពុជាបន្ទាប់ពីចិន ដែលប្រជាជាតិទាំងពីរនេះ មានចំនួនប្រជាជនប្រហាក់ប្រហែលគ្នាសុទ្ធតែរាប់ពាន់លាននាក់។ នៅក្នុងបរិបទដែលឥឡូវនេះ ជនជាតិឥណ្ឌាមកច្រើនពាក់ព័ន្ធនឹងការដែលយើងលក់សាច់គោ នៅតាមភោជនីយដ្ឋានផ្សេងៗ និងនៅតាមដងផ្លូវសាធារណៈនានា យើងគួររៀបចំការលក់ដូរយ៉ាងម៉េចដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរឥណ្ឌា ដែលជាអ្នកគោរពនូវព្រហ្មញ្ញសាសនា ឬសាសនាហិណ្ឌូ កុំឱ្យប៉ះពាល់អារម្មណ៍។
លោកជំទាវ ឆាយ ស៊ីវលីន បានសង្កត់ធ្ងន់ថា ការតាំងលក់សាច់គោទាំងមូលនៅតាមផ្លូវមិនមែនតែភ្ញៀវឥណ្ឌាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាអាចធ្វើឲ្យប៉ះពាល់អារម្មណ៍ភ្ញៀវបរទេសផ្សេងទៀតក៏មិនពេញចិត្តដែរ។ ដូច្នេះហើយអ្វីដែលគួរតែយល់ដឹងនោះ ថាតើពួកគាត់ចូលចិត្តអ្វី និងគោរពអ្វី ខណៈដែលនៅតាមភោជនីយដ្ឋាន គឺយើងបានព្យាយាមកែប្រែម្ហូបអាហារឥណ្ឌាបានច្រើនមកហើយនៅតាមសណ្ឋាគារ។
លោកជំទាវ លើកឡើងទៀតថា៖ «ពាក់ព័ន្ធទៅនឹងម្ហូបអាហារនៅក្នុងស្រុកតាមតំបន់របស់យើងដែលបានដាក់តាំងនោះ វាក៏បានបង្ហាញពីទស្សនីយភាព និងអារម្មណ៍របស់ភ្ញៀវផងដែរ។ ម្យ៉ាងទៀត បើសិនជាយើងចង់ចាប់ភ្ញៀវទេសចរណា គឺយើងត្រូវតែតម្រូវចិត្តអ្នកនោះ ដោយសារតែពួកគេកំពុងតែគោរពព្រះគោ (សត្វគោ) របស់គេ ដូច្នេះបើយើងនៅតែមិនខ្វាយខ្វល់ក្នុងរឿងនេះ អាចធ្វើឲ្យប៉ះពាល់ទៅដល់ភ្ញៀវផ្សេងទៀត ដូចជា អាម៉េរិក និងអឺរ៉ុបផងដែរ បើទោះបីជាពួកគេមិនបានគោរពសាសនាជំនឿទៅលើសត្វគោក៏ដោយ»។
យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ស្តីពីការទប់ស្កាត់នូវរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈ បានឲ្យដឹងថា នៅកម្ពុជា ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌សង្គម ធ្វើឱ្យពុទ្ធចក្រ និងអាណាចក្រ ធ្វើដំណើរទន្ទឹមគ្នាក្នុងការអភិវឌ្ឍជាតិឈាន ឆ្ពោះទៅរកភាពសម្បូររុងរឿង សុខសន្តិភាព វិបុលភាពដ៏ពិតប្រាកដសម្រាប់មនុស្សជាតិ ដែលជាគោលដៅចម្បងស្របតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល ជាពិសេសគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព ប្រាកដនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
រាជរដ្ឋាភិបាល បាន និងកំពុងបន្តបំពេញបេសកកម្មយ៉ាងសកម្មក្នុងការការពារថែរក្សា និងគាំទ្រ ទាំងស្មារតី និងសម្ភារៈ ដើម្បីពង្រឹង និងពង្រីក វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យមានវឌ្ឍនភាពជាបន្តបន្ទាប់។ កន្លងមក រាជរដ្ឋាភិបាលបានចេញនូវសេចក្តីណែនាំលេខ ១៥ សជណ.ផក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ក្នុងគោលបំណងទប់ស្កាត់នូវរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈ ដើម្បីពង្រឹងដល់ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជំនឿផ្សេងៗដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យស្របទៅនឹងគោលការណ៍ណែនាំនេះ ក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំរួមមាន៖ ១- ហាមដាច់ខាតនូវសកម្មភាពរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈដូចជាមុខហាងជាដើម ដែលបង្ហាញនូវសកម្មភាពហិង្សាឃោរឃៅផ្ទុយនឹងគោលការណ៍អហិង្សាធម៌របស់ព្រះពុទ្ធសាសនា និងជំនឿផ្សេងៗ, ២-ការចរាចរណ៍សត្វទេបាទ ចតុប្បាទ សត្វមានជីវិតដទៃទៀត តាមរថយន្ត ទោចក្រយានយន្ត ត្រីចក្រយាន និងមធ្យោបាយនានាត្រូវមានការបិទបាំងឱ្យបានត្រឹមត្រូវហ្មត់ចត់ ជៀសវាងការចង ខ្សែព្យួរ ដាក់ក្នុងទីវាលឬក៏ចងទម្លាក់តាមផ្លូវ ដែលជារូបភាពបង្ហាញនូវភាពហិង្សាធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃព្រះពុទ្ធសាសនា និងសេចក្តីថ្លៃថ្នូរបស់សង្គម, ៣-ចំពោះសាច់សត្វដែលបានពិឃាតហើយ ការដឹកជញ្ជូនចរាចរតាមដងផ្លូវ ត្រូវមានការវេចខ្ចប់ បិទបាំងឱ្យបានជិតល្អ ត្រឹមត្រូវ ជៀសវាងការដឹកជញ្ជូនដោយគ្មានការវេចខ្ចប់ និងបិទបាំង ឬ ដាក់ចំហដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ សុខភាពសាធារណៈ និងបង្ហាញពីហិង្សាធម៌៕

