(ភ្នំពេញ)៖ សាច់ជ្រូក-សាច់គោស្រស់ ប្រមាណ ៧តោន រួមជាមួយនិងថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់មួយចំនួន ត្រូវបានសប្បុរសជននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក បើទោះបីមានបទឈប់បាញ់ និងជនភៀសសឹកមួយចំនួន បានត្រឡប់ទៅលំនៅឋានវិញក៏ដោយ។
សាច់ជ្រូក-សាច់គោស្រស់ គ្រឿងឧបភោគ បរិភោ និងសម្ភារទាំងអស់នេះ គ្រោងនឹងដឹកបញ្ជូនទៅទិសព្រះវិហារនៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីបែងចែកជូនវីរកងទ័ពជួរមុខ។
អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនរាល់ថ្ងៃ ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅចាំទទួលគ្រប់ពេល។ សម្រាប់ថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦នេះ មានលោក ឯក ឃុនដឿន និងលោក ហួត ហៃ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត បានទទួលសាច់ជ្រូក-សាច់គោស្រស់ និងគ្រឿងឧបភោគ បរិភោគ និងសម្ភារចាំបាច់មួយចំនួនពីសប្បុរសជន។
នារសៀលថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ដដែលនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញពិនិត្យមើលការលើកដាក់គ្រឿងឧបភោគ បរិភោគ និងសម្ភារចាំបាច់មួយចំនួន ដែលត្រូវនាំយកទៅប្រគល់ និងចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅទិសខេត្តព្រះវិហារនាថ្ងៃទី៤ ខែមករាស្អែកនេះ។
ក្នុងឱកាសនោះ លោក ឯក ឃុនដឿន អភិបាលរង ក្នុងនាមលោក ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

