(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា របបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C និងមានខ្យល់បក់មកពីទិសឧត្តរ និងទិស ឦសាន មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៤°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C និងខ្យល់បក់មកពីទិសឧត្តរ និងទិស ឦសានមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C និងខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម ណែនាំដល់សាធារណជន និងអាជ្ញាធរដែនដី យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលចុះត្រជាក់នេះ ជាមួយនឹងខ្យល់កន្ត្រាក់ ជាពិសេសត្រជាក់នៅពេលយប់ និងពេលព្រឹក ហើយថែរក្សាសុខភាពផ្ទាល់ខ្លួនដើម្បីជៀសវាងពីបញ្ហា ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

