(ស្វាយរៀង)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាករណីសំណើសុំចុះបញ្ជីដីរដ្ឋលើទីតាំងដីអាងទឹក និងព្រែកចំនួន ១២ទីតាំង ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងស្ថាប័នពាក់ព័ន្ធ និងគណៈប្រតិភូអមដំណើរលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដីខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្តីទី លោកអភិបាលរងក្រុង ស្រុកទាំង៨ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីជំនាញ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលក្រុង ស្រុកទាំង៨ និងលោក លោកស្រីមេឃុំ ចៅសង្កាត់ដែលពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
កិច្ចប្រជុំបានពិនិត្យពិភាក្សាលើខ្លឹមសារសំខាន់ៗដែលមន្ទីរជំនាញពាក់ព័ន្ធបានធ្វើការរួមគ្នាកំណត់ការវាស់វែងកន្លងមកដោយផ្តោតលើទិដ្ឋភាពជាក់ស្តែងទៅតាមទីតាំងភូមិសាស្ត្រនៃផ្ទៃអាងទឹក ទន្លេ ព្រែក អូរ ប្រឡាយ បឹងបួរ និងការកាត់ឆ្វៀលជូនដល់ប្រជាពលរដ្ឋ ដើម្បីរក្សាបាននូវផលប្រយោជន៍រួមទៅថ្ងៃអនាគតក្រោយពេលពិនិត្យលទ្ធភាពជីកស្តារឡើងវិញ និងជួយបង្កើននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់ខេត្តស្វាយរៀងទៅថ្ងៃអនាគតសម្រាប់ប្រជាពលរដ្ឋ និងដល់កូនចៅជំនាន់ក្រោយ ជាពិសេសកាត់បន្ថយនូវបញ្ហាទំនាស់ដីធ្លីក្នុងសហគមន៍ និងការទន្ទ្រានយកដីដែលជាទ្រព្យសម្បត្តិរដ្ឋ ធ្វើឲ្យមានប្រព័ន្ធផ្លូវទឹកគ្រប់គ្រាន់ឡើងវិញ និងបង្កើនបរិមាណស្តុកទឹកដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម ថែរក្សាប្រព័ន្ធបរិស្ថាន អេកូឡូស៊ី និងជាជម្រកត្រីធម្មជាតិជាដើម។
សូមជម្រាបថា អាងទឹក និងព្រែកទាំង ១២ទីតាំង មានផ្ទៃដីសរុបទំហំ ៦ ២៣៥,៩៣ ហិកតា។ កន្លងមកមានការកាត់ឆ្វៀលចេញពីអាងទឹកនូវក្បាលដីដែលបានចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនិងចេញបណ្ណកម្មសិទ្ធិរួច មានផ្ទៃដី សរុបទំហំ ៣២,១៧ ហិកតា និងកាត់ហេដ្ឋារចនាសម្ព័ន្ធ មានផ្ទៃដីសរុបទំហំ ៤៣,៤១ ហិកតា គណៈកម្មាធិការអាងទន្លេខេត្តស្វាយរៀង បានស្នើសុំកាត់ឆ្វៀលក្បាលដីអាស្រ័យផលចំនួន ៨៥៥ ក្បាលដី ទំហំសរុប ៣៧២,២១ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ៨៥៥ គ្រួសារ និងរក្សាទុកផ្ទៃអាងទឹក និងព្រែក ទំហំសរុប ៥ ៧៨៨,១៤ ហិកតា ចុះបញ្ជីជូនក្រសួងធនធានទឹក និងឧតុនិយម៕

