(ស្វាយរៀង)៖ បន្ទាប់ពីចប់កិច្ចប្រជុំពិភាក្សាករណីសំណើសុំចុះបញ្ជីដីរដ្ឋលើទីតាំងដីអាងទឹក និងព្រែកក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៦ដដែលនេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញអមដំណេីរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនសម្បទានិកជំហាន២ ចំនួន ១៨៤បណ្ណ និងពិធីប្រគល់ផ្ទះ ដីឡូត៍លំនៅឋានសម្បទានសង្គមកិច្ចជំហាន៣ ចំនួន ៩១ខ្នងផ្ទះ ស្ថិតទីតាំងដីសម្បទានសង្គមកិច្ច ភូមិជីកដី ឃុំអណ្តូងត្របែក ស្រុក រមាសហែក។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងគណៈប្រតិភូអមដំណេីក្រសួងស្ថាប័នពាក់ព័ន្ធឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត និងបងប្អូនប្រជាពលរដ្ឋសម្បទានិក ជំហាន១ ជំហាន២ និងជំហាន៣ ចំនួន ៤៩១នាក់ ព្រមទាំងមន្ត្រីរាជការស្រុក ឃុំ ភូមិ នៃស្រុករមាសហែក សរុបប្រមាណ ៧៥០នាក់។
មានមតិស្វាគមន៍ទៅពិធីនេះឯកឧត្តមអភិបាលខេត្តបានថ្លែងថា ក្នុងនាមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក នឹង មានតម្លៃ អញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យ ដ៏ជ្រាលជ្រៅ នៅថ្ងៃនេះ ។
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិក ជំហាន២ និងប្រគល់ ផ្ទះ ដីឡូតិ៍លំនៅឋានសម្បទានសង្គមកិច្ចជំហាន៣ ក្នុងពេលជាមួយគ្នា នាឱកាសនេះ គឺជាព្រឹត្តិការណ៍យ៉ាងប្រត្យក្ស បង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត និងជាប់ ជានិច្ចពីសំណាក់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជនកម្ពុជា ជាពិសេសសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីត- យុទ្ធជនកម្ពុជា ចំពោះសុខទុក្ខ ខទុក្ខ តម្រូវការ និងសេចក្តីត្រូវការរបស់បងប្អូនអតីតយុទ្ធជន និង គ្រួសារ ដែលសម្តេចទាំងពីរ លោកមិនត្រឹមតែបានគិតគូរដោះស្រាយបញ្ហាចំពោះមុខរបស់ បងប្អូនលើផ្នែកគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ជូននូវស្ថិរភាព និងសុវត្ថិភាព នៃការកាន់កាប់ដីធ្លីមានលក្ខណៈរឹងមាំ និងអចិន្ត្រៃយ៍ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការគាំទ្រ ដល់ការរក្សាលំនឹងនៃការរស់នៅ និងការលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និង គ្រួសារ ឲ្យកាន់តែល្អប្រសើរ៕

