(ស្វាយរៀង)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយដល់យោធិនចូលសោធននិវត្តន៍ យោធិនពិការ និងគ្រួសារយោធិនពលី-មរណ ក្នុងឱកាសអបអរសាទរខួបលើកទី៣៣ នៃទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣–១៤ កក្កដា ២០២៦)។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះយោធិនចូលនិវត្តន៍ យោធិនពិការ និងគ្រួសារយោធិនពលី-មរណ ជាពិសេសអ្នកដែលកំពុងជួបការលំបាកក្នុងជីវភាព។
លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំឱ្យគ្រប់អង្គភាពរៀបចំជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារទាំងនេះជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងមិនបោះបង់អតីតយោធិន និងគ្រួសារយោធិនពលីចោលក្នុងកាលៈទេសៈណាមួយឡើយ។
ជាមួយគ្នានេះ លោកមេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះនាយ នាយរង និងយោធិនអាវុធហត្ថទាំងអស់ ជាពិសេសអ្នកដែលបានចូលនិវត្តន៍ និងពិការ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋដោយស្មោះត្រង់ រួមចំណែកអនុវត្តច្បាប់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារសន្តិភាព រហូតធ្វើឱ្យកងរាជអាវុធហត្ថទទួលបានការជឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ។
ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ បានឧបត្ថម្ភដល់យោធិនចូលនិវត្តន៍ យោធិនពិការ និងគ្រួសារយោធិនពលី-មរណ ចំនួន ៥៣នាក់ ដោយម្នាក់ៗទទួលបាន មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប៊ីចេង ១គីឡូក្រាម, ស្ករស ១គីឡូក្រាម, អង្ករ ១បេ និងថវិកា ១០០,០០០រៀល។ សរុបថវិកាចំណាយក្នុងកម្មវិធីនេះមានចំនួន ១០,០៧៧,០០០រៀល៕

